អ្នកមុជទឹកក្នុងបាតសមុទ្រម្នាក់បានពាក់ជើងទា និងបំពង់ខ្យល់អុកស៊ីសែនសម្រាប់ដកដង្ហើមក្នុងទឹក រួចបាន មុជចុះទៅក្នុងទឹកជម្រៅ ១០ម៉ែត្រ។ ពេលនោះគាត់បានប្រទះឃើញបុរសម្នាក់គ្មានពាក់ប្រដាប់ប្រដាសម្រាប់ មុជទឹកអ្វីទាំងអស់ ហើយមុជទឹកជ្រៅដូចគាត់ដែរ។ គាត់បានមុជទៅជម្រៅ ១០ម៉ែត្រទៀត ស្រាប់តែគាត់ នៅតែឃើញបុរសនោះដដែល។គាត់ចាប់ផ្តើមឆ្ងល់អំពីភាពអស្ចារ្យដែលមនុស្សគ្មានពាក់ឧបករណ៍មុជទឹកអ្វីសោះអាចមុជទឹកក្នុងជម្រៅដូច្នេះបាន។ មិនអស់ចិត្ត គាត់បានមុជចុះថែម ១០ម៉ែត្រទៀត នៅតែឃើញបុរស នោះមុជដល់ដដែល។ ដោយក្តីភ្ញាក់ផ្អើលពេក គាត់បានទាញក្តារមកសរសេរសួរថា៖
អ្នកមុជទឹក៖ តើធ្វើដូចម្តេចទើបលោកអាចមុជទឹកបានជ្រៅយ៉ាងនេះដោយមិនមានឧបករណ៍សម្រាប់ជំនួយអ្វីសោះ?
បុរសនោះក៏កញ្ឆក់ក្តារពីដៃគាត់ភ្លាមហើយសរសេរថា៖
បុរស៖ អាចង្រៃយ៍ ម៉េចសួរអញអីចឹង អញកំពុងលង់ទឹក។