គូស្វាមីភរិយាមួយគូក្រោយពីរៀបការរួចបានធ្វើដំណើរទៅលេងស្រុកកំណើតខាងប្តីតាមរយៈឡានក្រុង ។ ក្រោយពេលអង្គុយបានមួយសន្ទុះ ស្រាប់តែស្រី្តជាប្រពន្ធបានស្តាប់ឮអ្នកអង្គុយកៅអីខាងក្រោយដៀមដាមដាក់គាត់ថា បុរសម្នាក់នឹងមិនសមណាបានប្រពន្ធមុខចាស់អញ្ចឹងសោះ ។ ក្រោយពីស្តាប់ឮភ្លាម ស្ត្រីជាប្រពន្ធខឹងយ៉ាងខ្លាំងរហូតដល់ថ្នាក់ចង់ខ្យល់គរ គាត់ដង្ហើមដង្ហក់មួយៗ ឃើញដូច្នេះ ស្ត្រីម្នាក់ដែលអង្គុយកៅអីខាងមុខក៏ងាកមកសួរថា “បងស្រី បងមានរឿងអី?” ស្ត្រីជាប្រពន្ធតបថា “ខ្ញុំឈឺចិត្តណាស! ព្រោះអ្នកខាងក្រោយដៀមដាមដាក់ខ្ញុំ” ។ ឮដូច្នេះអ្នកស្រីខាងមុខនោះងាកមកសួរបុរសជាប្តីដែលអង្គុយជិតថា “ហេ! អ្នកកំលោះ ហេតុអ្វីបណ្តោយអោយគេនិយាយាដៀមដាមដាក់ម្តាយខ្លួនឯង អញ្ចឹង?” ស្ត្រីដែលជាប្រពន្ធក៏ធ្វើមុខជ្រួញដោយមិនដឹងនិយាយថាម៉េចទៀត ។